ភ្នំពេញ៖ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែន សុខ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ នេះ បានធ្វើការផ្តល់ និងជូនដៃសិប្បនិមិ្មតដល់ប្រជាពលរដ្ឋដែលពិការដៃ មកពីបណ្តាខេត្ត និងរាជធានីភ្នំពេញ ដោយមិនយកប្រាក់ក្នុងន័យមនុស្សធ៌ម។
បងប្រុស លី សុខលាង អាយុ ៤០ មានស្រុកកំណើតនៅអូររាំងឪ បានរៀបរាប់ថា តាមពិតការពិការដៃខាងស្តាំត្រឹមស្មារបស់គាត់នេះ គឺបណ្តាលមកពីជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មួយ ដែលបណ្តាលឲ្យអការរបួសរបស់គាត់មានសភាពធ្ងន់ធ្ងរពេក ទើបរូបគាត់ និងក្រុមគ្រួសារ បានសម្រេចចិត្តឲ្យគ្រូពេទ្យកាត់ដៃខាងស្តាំតែម្តងទៅ ហើយក៍បានពាក់ដៃសិប្បនិមិ្មតជំនួសរហូតមកដល់សព្វថ្ងៃ ប៉ុន្តែដៃសិប្បនិមិត្តនោះពុំកម្រើកចលនាបានដូចថ្មីនេះទេ។ នេះបើគិតមកដល់ពេលនេះ គឺមានរយៈពេល ៨ ឆ្នាំ ដែលរូបគាត់ជួបប្រទៈការទុក្ខលំបាកក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ ក្រោយមកមានអ្នកជិតខាងដែលគេតែងតែតាមដានព័ត៌មានប្រចាំថ្ងៃតាមវិទ្យុ និងគេហទំព័រវរជនខ្មែរ ក៍បានឃើញសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ប្រកាសថា មានការផ្តល់ជូនដៃសិប្បនិម្មិតដល់ជនពិការដោយឥតគិតថ្លៃ ដែលត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក ទើបរូបគាត់បានពឹងពាក់អ្នកជិតខាងឲ្យជួយធ្វើការទំនាក់ទំនង និងជួយជូនគាត់មកមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ ដើម្បីទទួលបានការបំពាក់ដៃសិប្បនិម្មិតនៅព្រឹកថ្ងៃទី១មីនានេះ។
បងប្រុស លី សុខលាង បានឲ្យដឹងទៀតថា ក្រោយពីទទួលដៃសិប្បនិម្មិតភ្លាម គាត់មានចិត្តសប្បាយរីករាយជាខ្លាំង និងអាចធ្វើអ្វីៗបានដូចដើមវិញ ដូចជាៈ យួរទឹក សរសេរ បើកម៉ូតូ និងអ្វីៗជាច្រើនទៀត។ ជាមួយគ្នានេះដែរ បងប្រុស លី សុខលាង ក៍បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅដល់គណៈគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ និងគ្រូពេទ្យទាំងអស់ ដែលបានផ្តល់ដៃសិប្បនិម្មិតនេះដល់រូបគាត់ដោយមិនគិតថ្លៃ សូមជួបប្រទះតែសេចក្តីសុខគ្រប់ៗគ្នា។
កញ្ញា នួន ចាន់រ៉ា អាយុ ៣០ ឆ្នាំ មានស្រុកកំណើតនៅភូមិពោធិ៍ថ្មី ឃុំស្រែត្រយៀន ស្រុកកំពុងរោរ៍ ខេត្តស្វាយរៀង បាននិយាយរៀបពីជីវិតនៃការពិការដៃខាងឆ្វេងរបស់នាងថា ពីមុននាងបានចូលបម្រើការងារជាកម្មការិនីរោងចក្រនៅខេត្តស្វាយរៀង នៅពេលដែលកម្មកររោងចក្រទាំងអស់បានចេញពីធ្វើការ ក៍បាននាំគ្នាឡើងជិះឡានដឹកកម្មករត្រឡប់មកផ្ទះវិញដូចសព្វមួយដង ប៉ុន្តែជាអកុសល ស្រាប់តែថ្ងៃមួយ នាងក៏បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកកម្មករ និងរថយន្តមួយគ្រឿងទៀតបើកបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿនវ៉ាគេវ៉ាឯង ក៍ជ្រុលមកបុកគ្នារថយន្តដឹកកម្មកររបស់នាងពេញមួយទំហឹង បណ្តាលឲ្យដឹកកម្មករក្រឡាប និងជះកម្មករដេករដូករណែលពេញផ្លូវ និងមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរ ជាពិសេសបានធ្វើឲ្យរូបនាងពិការដៃខាងឆ្វេងត្រឹមស្មាដល់សព្វថ្ងៃបើគិតទៅ គឺវាមានរយៈពេលមួយឆ្នាំហើយ។ កញ្ញាបានបន្តថា ក្រោយមកនាងបានទទួលព័ត៌មានតាមកញ្ចក់ទូរទស្សន៍បាយន្ត័ ប្រកាសថា មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ មានការផ្តល់ជូនដៃសិប្បនិម្មិតដល់ជនពិការដោយឥតគិតថ្លៃ ដែលធ្វើឡើងនៅក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក ទើបរូបនាងបានឲ្យបងប្អូននៅភ្នំពេញធ្វើការទំនាក់ទំនងមកមន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យក៍បានយល់ព្រម ហើយនាងនិងម្តាយបាននាំគ្នាធ្វើដំណើរមកពីខេត្តស្វាយរៀង ដើម្បីមកទទួលនូវការបំពាក់ដៃសិប្បនិម្មិតនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ នៅថ្ងៃនេះ។
ក្រោយពីបានទទួលដៃសិប្បនិម្មិត និងមានការណែនាំ និងបង្រៀនពីរបៀបប្រើប្រាស់ដៃនេះពីគ្រូពេទ្យមក បានធ្វើឲ្យនាងមានការសប្បាយចិត្តជាខ្លាំងលើសពីការស្មាន ហើយនៅពេលនេះ នាងព្រមទាំងក្រុមគ្រួសារនាង សូមជូនពរដល់គណៈគ្រប់គ្រងមន្ទីរពេទ្យទាំងអស់ជួបតែសេចក្តីសុខសេចក្តីចំរើនកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជក់ថា កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែន សុខ បានរៀបចំប្រារព្ធពិធីចែកជូននូវដៃសិប្បនិមិត្ត ចំនួន ៤២០ ដៃជូនជនពិការកម្ពុជាដោយមិនគិតថ្លៃ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្ដមបណ្ឌិតសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ និងមានអ្នកមុខអ្នកការជាច្រើនរូបទៀត៕ ដោយ៖ សាវណ្ណារិទ្ធ
Gallery