មហា​សន្និបាត​វេជ្ជ​សាស្រ្ត​អន្តរជាតិ​លើក​ទី ៤ ស្តី​អំពី​ការ​ព្យាបាល និង​ការ​ថែ​ទាំ​សុខភាព​បែប​ទំនើប

facebookgoogle_pluslinkedinmail

medcon-2014-04

មហា​សន្និបាត​វេជ្ជសាស្រ្ត​អន្តរ​ជាតិ​លើក​ទី ៤ ស្តី​អំពី​ការ​ព្យាបាល និង​ការ​ថែទាំ​សុខភាព​បែប​ទំនើប និង​ពិធី​គម្រប់​ខួប ១០ ឆ្នាំ​នៃ​ការ​បង្កើត​សាកល​វិទ្យាល័យ អន្តរជាតិ ដែល​រៀប​ចំ​ដោយ​មហា​វិទ្យាល័យ​វេជ្ជសាស្រ្ត និង​រោគ​កុមារ​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ បាន​ប្រារព្វ​ធ្វើ​ឡើង​រយៈ​ពេល ២ ថ្ងៃ​គឺ​ថ្ងៃ​ទី ២៦ និង ២៧ ខែ​មេសា ឆ្នាំ ២០១៤ នៅ​សាកល​វិទ្យាល័យ អន្តរជាតិ ដោយ​មាន​ការ​ចូល​រួម​ពី ឯ.ឧ. យិត ស៊ុនណារ៉ា អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល ឯ.ឧ. សាស្រ្តាចារ្យ​មហា​បរិញ្ញា​បណ្ឌិត សាបូ អូហ្សាណូ សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ អន្តរជាតិ លោក ទេព ណាវុធ សាកល​វិទ្យាធិការ​រង សាកល​វិទ្យាល័យ អន្តរជាតិ សាស្រ្តាចារ្យ លោក​គ្រូ អ្នក​គ្រូ វេជ្ជបណ្ឌិត និង និស្សិត ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី ក្រុមហ៊ុន​ឱសថ​ចំនួន ១៣ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ផង​ដែរ។

medcon-2014-05

លោក ទេព ណាវុធ បាន​មាន​ប្រសាសន៍​ថា មហា​សន្និបាត​វេជ្ជសាស្រ្ត​អន្តរជាតិ​លើក​ទី ៤ ស្តី​អំពី​ការ​ព្យាបាល និង​ការ​ថែទាំ​សុខភាព​បែប​ទំនើប​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ឲ្យ​លោក​គ្រូ អ្នកគ្រូ និស្សិត​ពេទ្យ និង​វេជ្ជ​បណ្ឌិត​ទាំង​អស់​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ភាព​រីក​ចម្រើន​របស់​វេជ្ជសាស្រ្ត និង​ការ​ស្វែង​យល់​ពី​របក​គំហើញ​ថ្មីៗ​នៃ​ពិភព​លោក ដើម្បី​ងាយ​ស្រួល​ដល់​ការ​ព្យាបាល និង​ថែទាំ​សុខភាព​របស់​អ្នក​ជំងឺ។

medcon-2014-09

ក្នុង​ឱកាស​នោះ ឯ.ឧ. យិត ស៊ុនណារ៉ា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​នាម​ក្រសួង​សុខាភិបាល ឯ.ឧ. បាន​សម្ដែង​នូវ​ការ​កោត​សរសើរ និង​អបអរ​សាទរ​ដល់​សាកល​វិទ្យាល័យ អន្តរជាតិ ដែល​បាន​រៀប​ចំ​មហា​សន្និបាត​វេជ្ជសាស្រ្ត​អន្តរជាតិ​នេះ​ឡើង​ជា​បន្ត​បន្ទាប់។ ឯក​ឧត្ដម បាន​មាន​ប្រសាសន៍​បន្ថែម​ថា មហា​សន្និបាត​វេជ្ជសាស្រ្ត អន្តរជាតិ​នេះ​មាន​សារ​សំខាន់​ណាស់​សម្រាប់​គ្រូ​ពេទ្យ ក្នុង​ការ​ព្យាបាល​ដល់​អ្នក​ជំងឺ។ ប្រទេស​ជា​ច្រើន​នៅ​លើ​សកល​លោក​តម្រូវ​ឲ្យ​គ្រូពេទ្យ​ដែល​កំពុង​ព្យាបាល​ជំងឺ ទាំង​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​ទាំង​អស់ គឺ​ត្រូវ​តែ​ឲ្យ​គ្រូពេទ្យ​បំពេញ​បន្ថែម​ឲ្យ​បាន​នូវ​គ្រប់​លក្ខណៈ​បណ្តុះ​បណ្តាល​បន្ត ហើយ​គ្រូពេទ្យ​ទាំង​អស់​ត្រូវ​ព្យាបាល​អ្នក​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​ជៀសវាង​ការ​ទុក​អ្នក​ជំងឺ​ឲ្យ​នៅ​តែ​ម្នាក់​ឯង ដោយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​គ្រូ​ពេទ្យ​ដែល​ធ្វើ​ឲ្យ​ខុស​ពី​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ។

medcon-2014-17

ឯ.ឧ. អនុ​រដ្ឋ​លេខា​ធិការ​សង្ឃឹម​ថា មហា​សន្និបាត​វេជ្ជសាស្រ្ត​អន្តរជាតិ​នេះ និង​ធ្វើ​ឲ្យ​លោក​គ្រូ អ្នក​គ្រូ​ពេទ្យ និស្សិត​ពេទ្យ និង​វេជ្ជ​បណ្ឌិត​ទាំង​អស់​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​បន្ថែម​ទៀត អំពី​ការ​ព្យាបាល និង​ការ​មើល​ថែ​អ្នក​ជំងឺ និង​ស្វែង​យល់​បន្ថែម នូវ​ម៉ាស៊ីន​បច្ចេក​វិទ្យា​ដ៏​ទំនើបៗ សម្រាប់​ព្យាបាល​ដល់​អ្នក​ជំងឺ ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បីៗ មក​ពី​បណ្តារ​ប្រទេស​មួយ​ចំនួន​ដែល​បាន​ចូលរួម ដើម្បី​ធ្វើ​ឲ្យ​ការ​ព្យាបាល និង​ការ​មើល​ថែ​អ្នក​ជំងឺ​របស់​យើង ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធិភាព។

 

facebookgoogle_pluslinkedinmail
This entry was posted in ព័ត៌មាន & ព្រឹត្តិការណ៍. Bookmark the permalink.