ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃសៅរ៍ ទី០១ ខែ កញ្ញា ឆ្នាំ ២០១២ មានពិធីបើក សម្ពោធក្រុមហ៊ុន ដេឆុនស៊ូ យ៉ាងអធិកអធ័ម ដោយមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករ ហើយក្នុងពិធីនោះ ក៏មានក្រុមសិល្បករ KBOYS មកពីប្រទេសកូរ៉េចូលរួមសម្តែងផងដែរ អាចចាត់ទុកជាព្រឹត្តិការណ៍ថ្មីមួយដែលអ្នក ជំនួញមកពីប្រទេសកូរ៉េចាប់អារម្មណ៍ចំពោះបរិយាកាសអាជីវកម្ម និងការវិនិ យោគទុននៅក្នុងប្រទេសកម្ពុជា ដែល មានលក្ខខណ្ឌល្អប្រសើរ និងអំណោយ ផលច្រើនបែបយ៉ាង។
ក្រុមហ៊ុន ដេឆុនស៊ូ ដែលត្រូវបានបើកសម្ពោធនេះមានទីតាំងនៅអគារលេខ ៤៩៤ ផ្លូវលេខ ២៧១ ក្នុងសង្កាត់ទូលទំពូង ២ ខណ្ឌចំការមន ដោយមានការអញ្ជើញតំណាងមន្ទីរពេទ្យម្ចាស់ហាងលក់ទំនិញធំៗ រួមទាំងម្ចាស់អាជីវកម្ម សេវាកម្មរាប់រយនាក់ ឲ្យមកចូលរួមធ្វើជាសក្ខីភាពក្នុងការបើកសម្ពោធក្រុមហ៊ុននេះ ផងដែរ។ បើតាមការលើកឡើងរបស់តំណាងក្រុមហ៊ុន ដេឆុនស៊ូ បានឲ្យដឹង ថា ការបើកការិយាល័យនៅក្នុងប្រទេសកម្ពុជានាពេលនេះគេរំពឹងទុកថា ការ បែងចែកផលិតផលមានគុណភាពជាច្រើនប្រភេទដែលត្រូវបាននាំចូលពីប្រទេសកូរ៉េ កាន់តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានជំនឿទុកចិត្ត ចំពោះផលិតផលរបស់ប្រទេសកូរ៉េ ជាពិសេសគាំទ្រចំពោះអាជីវកម្ម និងផលិតកម្មរបស់ក្រុមហ៊ុន ដេឆុនស៊ូ កាន់តែច្រើនឡើងថែមទៀត។
ជាមួយនឹងពិធីសម្ពោធក្រុមហ៊ុន ដេឆុនស៊ូ ក្នុងបរិយាកាសសប្បាយរីករាយនេះផងដែរ ភ្ញៀវកិត្តិយសទាំងអស់ ត្រូវ បានអញ្ជើញឲ្យចូលរួមទស្សនាចំពោះការ តាំងបង្ហាញផលិតផលិតផលគំរូមួយ ចំនួនដែលក្រុមហ៊ុននេះបាននាំចូលពីប្រទេសកូរ៉េ។ តំណាងក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរ ក្រុមហ៊ុន ដេឆុនស៊ូ ដែលបានបើកការិយាល័យក្នុងរាជធានីភ្នំពេញនាពេលនេះមានសកម្មភាពអាជីវកម្មជាច្រើនដូចជា ការចែកចាយឧបករណ៍បរិក្ខាពេទ្យគ្រប់ប្រភេទ, ម៉ាស៊ីនចម្រោះទឹក, ផលិតផលគ្រឿងសម្អាង, ផ្នែកតន្ត្រីកម្សាន្តហើយក្នុងនោះក៏មានការិយាល័យ តំណាងសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មមកពីប្រទេសកូរ៉េ និងស្វែងរកដៃគូក្នុង ស្រុកផងដែរ។
អាចចាត់ទុកជាផ្នែកមួយប្រកបដោយសក្តានុពលសម្រាប់យុទ្ធ សាស្ត្រអូសទាញអ្នកវិនិយោគទុនឲ្យមករកស៊ីនៅក្នុងប្រទេសកម្ពុជាចំពោះវត្តមានរបស់ក្រុមហ៊ុន ដេឆុនស៊ូ នៅក្នុងប្រទេសកម្ពុជា នាពេលនេះ៕